Wednesday, January 2, 2013

ញ៉ាំ​ម្នាស់​ច្រើន​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?


ក្នុង​ផ្លែ​ម្នាស់​មិន​ត្រឹមតែ​មាន​សម្បូរ​វីតាមីន C តែមួយ​មុខ​នោះទេ ប៉ុន្តែ​វា​ជា​ប្រភព​នៃ​សារធាតុ​ជាច្រើន​ទៀត​សម្រាប់​ជួយ​រក្សា​អោយ​ឆ្អឹង​រឹងមាំ និង​ជំនួយ​ដល់​ការរំលាយ​អាហារ​ផងដែរ​។

​បន្ថយ​ការ​រលាក​
​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍ និង​ការសិក្សា​ទៅលើ​មនុស្ស សារធាតុ Bromelain ដែល​ចម្រាញ់​ចេញពី​ផ្លែ​ម្នាស់​អាច​ជួយ​បំបាត់​អា​ការៈហើម និង​រលាក​ដែល​បណ្តាល​មកពី​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis, រលាក​សរសៃ​ចង​ឆ្អឹង និង​សាច់ដុំ​, រលាក​ថង់​ទឹក Bursa, ជំងឺ​លើ​ជាលិកា​ទន់ៗ​, ជំងឺ​ក្នុង​ពោះវៀន​ធំ​, ថែម​ទាំង​ការឈឺចាប់​រ៉ាំរ៉ៃ​ទៀតផង​។ តាម​ការសិក្សា​របស់​ម​ន្ទីរ​ពិសោធន៍​សាកលវិទ្យាល័យ Connecticut ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ Bromelain ជួយ​កាត់បន្ថយ​ចំនួន​របស់​កោសិកា​គ្រាប់​ឈាមស Eosinophil បាន​ពាក់កណ្តាល ដែល​វា​ជា​កោសិកា​យ៉ាង​សំខាន់​សម្រាប់​បង្ក​អោយទៅ​ជា​ជំងឺហឺត​។ វេជ្ជបណ្ឌិត អ៊ី​រិច សេគ័រ (Dr. Eric Secor, ND) គ្រូពេទ្យ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បូរាណ និង​ជា​បណ្ឌិត​ខាង​ផ្នែក​ប្រព័ន្ធ​ភាពស៊ាំ​របស់​វិទ្យាស្ថាន​ជាតិ​សុខាភិបាល និយាយថា “​រឿង​នេះ​ប្រហែលជា​វា​អាច​កាត់បន្ថយ​ស្តង់ដារ​នៃ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ Steroids ចំពោះ​អ្នក​ជំងឺហឺត​បាន ដូច្នេះ​ពេល​ខ្លះ​ក៏​វា​អាច​បន្ថយ​ផល​រំខាន​នៃ​ការប្រើប្រាស់​ថ្នាំ Steroid រយៈពេល​យូរ​បាន​ដែរ​។ ជំងឺហឺត​គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​បំផុត ព្រោះ​វា​អាច​គម្រាំ​គំហែ​ង​ដល់ជីវិត​អ្នកជំងឺ​បាន​។ ខ្ញុំ​មិន​ចង់​អោយ​អ្នកជំងឺ​ទាំងនោះ​បោះបង់ចោល​ថ្នាំ​ហឺ​តរបស់​ពួកគេ​ទេ​”​។
​សារធាតុ Bromelain ប្រហែល​ជា​ជួយ​បង្កើន​ល្បឿន​នៃ​រយៈពេល​ជា​របួស និង​បន្ថយ​ការឈឺចាប់ ព្រមទាំង​ស្នាម​ជាំ​ក្រោយពី​វះកាត់​រួច​។ នៅ​ប្រទេស​អាឡែម៉ង ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ធ្វើ​កំណែ​សម្រួល​ចំពោះ​ថ្នាំ​ឬ​ស​ឈើ និង​ថ្នាំ​បំប៉ន​ផ្សេងៗ​ទៀត​បាន​ផ្តល់​អំណះអំណាង​ចំពោះ​សារធាតុ Bromelain ថា វា​ជួយ​ធ្វើអោយ​ដំបៅ​ឆាប់​ជា​ក្រោយពី​មាន​របួស និង​វះកាត់​រួច ព្រមទាំង​បំបាត់​ការ​ហើម​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​មុខ​ក្រោយពី​វះកាត់​ត្រចៀក​, ច្រមុះ និង​បំពង់​ក​រួច​។

​ទឹក​របស់​វា​ជួយ​ធ្វើអោយ​ឆ្អឹង​រឹងមាំ​
​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ពួក​យើង​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បី​បង្ការ​ជំងឺ​ពុក​ឆ្អឹង ជា​ពិសេស​ស្ត្រី​ក្រោយពេល​រាំងរដូវ​រួច​តែ​ម្តង​។ អ្វី​ដែល​អ្នក​ប្រហែលជា​មិនដឹង​នោះ​គឺថា ឆ្អឹង​របស់​អ្នកត្រូវការ​ជាតិ​បន្ថែម​ជាតិ​រ៉ែ​បន្តិចបន្តួច​នោះ​គឺ ជាតិ​ម៉ង់​ហ្គា​ណែ​ស​។​

​រាង​ការប្រើប្រាស់​ជាតិ​ម៉ង់​ហ្គា​ណែ​ស​ដើម្បី​បង្កើត​ជា​ស្រទាប់​កូឡា​ជែន ដែល​ជា​សរសៃ​ប្រូតេអ៊ីន និង​រឹងមាំ​ដើម្បី​ជួយ​បង្កើត​ជាលិកា​ត​ជាប់​គ្នា​ដូចជា​ឆ្អឹង​, ស្បែក និង​ឆ្អឹងខ្ចី​ជាដើម​។ ការស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា អ្នក​ដែល​កង្វះ​ជាតិ​ម៉ង់​ហ្គា​ណែ​ស​ងាយ​នឹង​កើត​មាន​ជំងឺ​ឆ្អឹង​ដូច​ជំងឺ​ពុក​ឆ្អឹង​ដែរ​។ ការសិក្សា​មួយ​បាន​រកឃើញថា ស្ត្រី​កើត​ជំងឺ​ពុក​ឆ្អឹង​មាន​កម្រិត​ជាតិ​ម៉ង់​ហ្គា​ណែ​ស​តិច​ជាង​ស្ត្រី​ដែល​មិនមាន​ជំងឺ​នេះ​។

​វេជ្ជបណ្ឌិត ជែន​ណេ ហ្វ្រី​ឡេន ហ្គ្រា​វ (Dr. Jeanne Freeland-Graves, PhD) សាស្ត្រាចារ្យ​ខាង​អាហារ​រូបត្ថ​ម្ភ​នៅឯ​សាកលវិទ្យាល័យ តិច​សាស ក្នុង​ទីក្រុង Austin និយាយថា “​ការ​ញ៉ាំ ឬ​ផឹកទឹក​ម្នាស់​ស្រស់​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​បន្ថែម​ជាតិ​ម៉ង់​ហ្គា​ណែ​សតា​មរបបអាហារ​”​។ ម្នាស់​ចំណិតៗ ឬ​ទឹក​ម្នា​ស់នឹង​ផ្តល់​អោយ​អ្នក​នូវ​ជាតិ​ម៉ង់​ហ្គា​ណែ​ស​ច្រើនជាង ២​ក្រាម ឬ​ច្រើន​ជាង ១០០​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។

​ជំនួយ​ដល់​ការរំលាយ​អាហារ​
​ផ្លែ​ម្នាស់​មាន​ភាពល្បីល្បាញ​ក្នុង​ការបន្ធូរបន្ថយ​វិបត្តិ​រំលាយ​អាហារ​អស់​រយៈពេល​ជាច្រើន​សតវត្ស​ន៍​មកហើយ ដូច្នេះ​វា​ប្រហែល​ជា​ហេតុផល​ដ៏​ល្អ​សម្រាប់​រឿងនេះ​។ ម្នាស់​ស្រស់​មួយ​ផ្លែ​មាន​សារធាតុ Bromelain ដែល​ជា​អង់ស៊ីម​មួយ​ប្រភេទ​ជំនួយ​ដល់​ការរំលាយ​អាហារ តាមរយៈ​ការ​បំបែក​ប្រូតេអ៊ីន​។ រឿងនេះ​ប្រហែល​ជា​សំខាន់​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​កម្រិត​អាស៊ីត​ក្រពះ​តិច និង​ត្រូវ​ការរំលាយ​ប្រូតេអ៊ីន​អោយបាន​គ្រប់គ្រាន់​។

​ពិតណាស់ ទោះបីជា​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ម្នាក់​ក៏ដោយ ក៏​វា​មិន​ទំនងជា​ធ្វើអោយ​អ្នក​ចង់​ញ៉ាំ​វា​ក្រោយ​ពី​ញ៉ាំ​បាយ​គ្រប់ពេល​ដែរ​។ ប៉ុន្តែ វេជ្ជបណ្ឌិត ជូ​អាន​ណេ គូ​រ៉ា​ន សេ​លែ​ន​តាណូ (Dr. Joanne Currant Celentano, PhD, RD) សាស្ត្រាចារ្យ​រង​ខាង​វិទ្យាសាស្ត្រ​អាហារ​រូបត្ថ​ម្ភ នៅឯ​សាកលវិទ្យាល័យ New Hamphsire ក្នុង​ទីក្រុង Durham និយាយថា បើសិន​ជា​អ្នក​ជា​មនុស្ស​ចាស់ ហើយ​ឧស្សាហ៍​មាន​បញ្ហា​ក្រពះ​មិន​រំលាយ​អាហារ ចូរ​ញ៉ាំ​ម្នាស់​ពីរ​បី​ចំណិត​ជា​បង្ហែ​ម​ទៅ​ដើម្បី​អាច​សម្រួល​ដល់​ការរំលាយ​អាហារ ក៏ដូចជា​កុំអោយ​ក្រពះ​ធ្វើទុក្ខ​បាន​។

​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​វីតាមីន C
​វីតាមីន​ប្រភេទ​នេះ​គឺជា​អង់​ទី​អុកស៊ី​ដង់​យ៉ាង​ខ្លាំងក្លា​មួយ​ដើម្បី​ជួយ​លុបបំបាត់​រ៉ាឌីកាល់​សេរី ឬ​មូលេ​គុល​អុកស៊ីសែន​គ្រោះថ្នាក់​ដែល​អាច​ទៅ​បំផ្លាញ​កោសិកា និង​នាំអោយ​កើត​ជា​ជំងឺ​មហារីក និង​បេះដូង​បាន​។ លើសពីនេះទៅទៀត រាងកាយ​ប្រើប្រាស់​វីតាមីន C ដើម្បី​បង្កើត​ស្រទាប់​កូឡា​ជែន ដើម្បី​ទ្រ​ទ្រ​ង​ជាលិកា និង​ឆ្អឹង​អោយ​ជាប់​គ្នា​ល្អ​។ ហើយ​នៅពេល​មាន​ជំងឺ​ផ្តាសាយ ជម្រើស​ដំបូង​ដែល​អ្នក​គួរតែ​ធ្វើ​មុន​គេ​គឺ​គិតគូរ​អំពី​វីតាមីន C នេះហើយ​។ វា​ជួយ​កាត់បន្ថយ​កម្រិត​របស់​ធាតុ​គីមី Histamine ដែល​បណ្តាលអោយមាន​រោគសញ្ញា​ជំងឺ​ផ្តាសាយ​ដូចជា ហៀរ​ទឹកភ្នែក និង​ហៀរ​សំ​បោរ បាន​។

​ដោយសារ​តែ​ផ្លែ​ម្នាស់​មិន​មាន​វីតាមីន C ច្រើន​ដូច​ផ្លែ​ក្រូច វា​នៅតែ​ជា​ប្រភព​នៃ​វីតាមីន​នេះ​ដ៏​ល្អ​ដដែល​។ ឧទាហរណ៍​ទឹក​ម្នាស់​ច្របាច់​មួយ​កែវ​មាន​វីតាមីន C ៦០​មី​លី​ក្រាម ឬ​ស្មើនឹង ១០០​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​៕ Health.com.kh

Twitter Delicious Facebook Digg Stumbleupon Favorites More