សក់ គឺជាសោភ័ណភាពមួយទាក់ទាញបំផុត សម្រាប់សម្រស់ទាំងបុរសនិងស្ដ្រី។ សរសៃសក់ត្រង់ស្អាតភាគច្រើន បានមកពីការអ៊ុតសក់ត្រង់ ដែលជាទីពេញនិយមសម្រាប់ យុវវ័យសម័យថ្មី។ ការធ្វើសក់ឱ្យត្រង់ជារឿងងាយបំផុត ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺការថែរក្សាក្រោយពេលអ៊ុតសក់ត្រង់ និងការថែរក្សាសុខភាពសក់ដែល ត្រូវខូចខាតដោយសារទឹកថ្នាំអ៊ុតត្រង់។ តើការថែរក្សាសក់អ៊ុតត្រង់មានអ្វីខ្លះទៅ?
វិធីថែរក្សាសក់ក្រោយពេលអ៊ុតត្រង់
បន្ទាប់ពីអ៊ុតសក់ត្រង់ហើយ សុភាពនារីទាំងអស់ត្រូវផ្ដោតអារម្មណ៍ ទៅលើការថែរក្សាសក់វិញម្ដង។ ជាទូទៅដើម្បីឱ្យសរសៃសក់ ត្រង់ស្អាតបានរយៈពេលយូរ អ្នកអ៊ុតសក់ត្រង់ទាំងឡាយ ត្រូវតែអប់សក់ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីអ៊ុតរួច និងរយៈពេល១០ ថ្ងៃក្រោយអប់ម្ដងទៀត។ រយៈពេល១៥ថ្ងៃក្រោយ ពីអប់លើកទី២ លោកអ្នកត្រូវអប់ជាលើកទី៣។ បន្ទាប់មកក្នុងមួយខែត្រូវអប់ម្ដងទៀត មិនអាចខកខានបានទេ។ ការខកខានធ្វើឱ្យសរសៃសក់ មិនត្រង់ស្អាត ហើយរឹងមិនស្រឡូនទេ មិនដូចសរសៃសក់អ៊ុតត្រង់ ដែលចង់បាន។ ហើយបើមានលទ្ធភាពគួរតែ ប្រើចំណីសក់លាបបន្ថែមលើ សរសៃសក់ដើម្បីឱ្យសក់កាន់ តែស្រឡូនស្អាត។
ប្រការគួរចៀសវាងក្រោយពេលអ៊ុតសក់ត្រង់
នៅពេលដែលសម្រេចចិត្ដថា អ៊ុតសក់ត្រង់ហើយ ត្រូវតែប្រតិបត្ដិនូវវិធានការមួយចំនួន ដើមី្បថែរក្សាសរសៃសក់ដូចជា ចៀសវាងការចងសក់ កៀបសក់ដោយដង្កៀប ឬម៉ាស៊ីនសម្រាប់កៀបសក់ដោយកម្ដៅ ឬមិនអាចមូរសក់ទៅតាមចិត្ដចង់ទេ។ ម្យ៉ាងទៀត ទម្លាប់សៀតសក់ទៅនឹងរង្វង់ត្រចៀក ក៏ធ្វើឱ្យសក់កោង មិនស្អាតដែរ។
វិធីជ្រើសរើសសាប៊ូសម្រាប់សក់អ៊ុតត្រង់
មិនមែនជារឿងងាយស្រួលឡើយ ចំពោះការជ្រើសរើសសាប៊ូកក់សក់សម្រាប់ សក់អ៊ុតត្រង់។ ក្រោយពេលអ៊ុតសក់រួចហើយ លោកអ្នកមួយចំនួនប្រាកដជា អាចជួបនូវបញ្ហាសក់ មិនត្រង់ដូចបំណង។ លោកអ្នកដឹងទេបើសក់ លោកអ្នកមានសំណើម ឬបែកប្រេង ខ្លាំង ទោះបីជាលោកអ្នកអ៊ុតសក់ត្រង់ ប៉ុន្មានដងទៀត ក៏សក់នៅតែមិនត្រង់ដដែល។ ព្រោះជាតិប្រេងដែលជាប់នឹង សរសៃសក់របស់ លោកអ្នកមិនអនុញ្ញាតឱ្យ សរសៃសក់ត្រង់បានទេ។ ការកម្ចាត់ជាតិប្រេងចេញពី សរសៃសក់ជាវិធីតែមួយគត់ ដែលអាចជួយលោកអ្នក បានដោយប្រើប្រេងសាប៊ូកក់សក់ កម្ចាត់ប្រេង (ដោយកក់មួយថ្ងៃខានមួយថ្ងៃ)។
ប៉ុន្ដែមុននឹងសម្រេចចិត្ដប្រើប្រាស់សាប៊ូ លោកស្រី អ្នកនាង គួរតែទៅពិនិត្យស្បែកក្បាល ជាមុនសិនចៀសវាងការប្រើទៅហើយ មិនបានលទ្ធផលល្អ។ ចំណែកឯសរសៃសក់ស្ងួត ហើយ បែកចុង ប៉ើងតាមខ្យល់នោះលោកស្រីអ្នកនាង ត្រូវប្រើសាប៊ូជំនួយឱ្យសក់មានសំណើម និងមានទម្ងន់មកកក់សក់រាល់ថ្ងៃ ឬកក់មួយ ថ្ងៃខានមួយថ្ងៃ។ នៅពេលដែលសក់លោកស្រីអ្នកនាង ត្រឡប់មករកសភាពធម្មតាវិញ (ជាតិប្រេង និងជាតិទឹកស្មើគ្នា) អាចកក់សក់ ក្នុងមួយសប្ដាហ៍ពីរទៅបីដងបានហើយ។
ដំបូន្មានអ្នកជំនាញ
នៅពេលបច្ចុប្បន្ននេះ មានហាងសម្រាប់អ៊ុតសក់ត្រង់ ច្រើនណាស់ដូចនេះសុភាពនារី ទាំងអស់គួរតែពិចារណាឱ្យបានច្បាស់ លាស់មុននឹង សម្រេចចិត្ដជ្រើសរើស។ ព្រោះលោកស្រីអ្នកនាង មិនអាចយកសរសៃសក់ដែលជា បញ្ហាសោភ័ណភាពមកលេងសើចបានទេ៕
ពី lookingtoday.com