មូលហេតុបណ្តាលឱ្យធ្មេញលឿង៖ ធម្មតាធ្មេញមនុស្សយើងសភ្លឺចែងចាំង ប៉ុន្តែអ្នកខ្លះបែរជាមានធ្មេញលឿង ឬក្រមៅ។ នេះបណ្តាលមកពីទទួលទានអាហារ ឬភេសជ្ជៈ ដែលមានពណ៌ជាប្រចាំដូចជា កាហ្វេ តែជាដើម។ ការជក់បារី ក៏ជាមូលហេតុមួយផងដែរ។
ការដុសធ្មេញ ពុំបានស្អាត នាំឱ្យមានកម្ទេចអាហារ បាក់តេរី និងកំណកកំបោរ តោងនៅជាប់ធ្មេញបន្តិចម្តងៗ យូរៗទៅ បណ្តាលឱ្យឡើងពណ៌លឿងពណ៌ត្នោត ឬពណ៌ខ្មៅ នៅតាមចន្លោះធ្មេញ និងតួធ្មេញ។ ម្យ៉ាងទៀត មូលហេតុដែលបណ្តាលឱ្យធ្មេញលឿងក៏ដោយសារការទទួលទានថ្នាំតេត្រាស៊ីគ្លីន ដែលធ្វើឱ្យប៉ះពាល់ដល់ពណ៌របស់ធ្មេញផងដែរ។
កែបញ្ហាធ្មេញលឿង ដោយប្រើចេល៖ ចេលសម្រាប់លាបបំពោកលើធ្មេញអាចរកទិញបាននៅតាមឱសថស្ថានស្របច្បាប់នានា។
វិធីប្រើ៖ ដុសសម្អាតធ្មេញឱ្យស្អាត បន្ទាប់មកយកជក់ជ្រលក់ទៅក្នុងចេលនោះរួចហើយ យកមកលាបលើធ្មេញដែលមានបញ្ហា។ រួចរាល់ហើយទុកចោលប្រមាណ ១៥-៣០នាទី សឹមលាងសម្អាតចេញ។
ដូចនេះ ឱ្យបាន១-៣សប្តាហ៍ ដោយចាប់ផ្តើមពីធ្មេញជួរខាងលើមុនរួចសឹមជួរខាងក្រោមតាមក្រោយ។ ក្រោយពេលប្រើរួចត្រូវបិទគម្រប-ចេលឱ្យជិត ឯជក់លាងទឹកឱ្យស្អាតហើយហាលឱ្យស្ងួត។ បន្ទាប់ពីធ្មេញសតាមចិត្តចង់បានហើយអ្នកត្រូវប្រើបន្តទៀតឱ្យជាប់ជាប្រចាំ ដើម្បីឱ្យធ្មេញនៅតែសជាប់ជានិច្ច៕
From Vayofm.com