Saturday, December 29, 2012

យល់ដឹងពី វិធីប្រើទឹកអប់


មនុស្សគ្រប់រូប សុទ្ធតែមានក្លិនខ្លួនមិនល្អ គ្រាន់តែអ្នកខ្លះក្លិនធម្មតាស្រាល អ្នកខ្លះទៀតមានក្លិនខ្លាំងឈួលពិបាកទ្រាំ។ មានវិធីបំបាត់ក្លិនខ្លួនជាច្រើន ដែលកំពុងប្រើប្រាស់ ដូចជាការងូតទឹកសម្អាតខ្លួនជាប្រចាំ ប្រើប្រាស់សាប៊ូក្រអូប ផលិតផលបំបាត់ក្លិនក្លៀក ការប្រើប្រាស់ទឹកអប់ជាដើម។
ទឹកអប់ជាទីពេញនិយម របស់មនុស្សគ្រប់ជាតិសាសន៍ មិនថាស្បែកស ស្បែកខ្មៅ ឬស្បែកលឿង មិនថាអាស៊ី មិនថាអឺរ៉ុប។ មនុស្សភាគច្រើន ប្រើប្រាស់ទឹកអប់ក្នុង គោលបំណងបំបាត់ក្លិនខ្លួន និងឱ្យខ្លួនប្រាណក្រអូប។ មានទឹកអប់ច្រើនប្រភេទ ច្រើនម៉ាក ដែលដាក់លក់នៅលើទីផ្សារ ដូចជាប្រភេទលាប ប្រភេទបាញ់ជាដើម។ ខាងក្រោមនេះគឺជារបៀបប្រើប្រាស់ទឹកអប់៖
1- លាបទឹកអប់លើខ្លួនឯង
តើលោកអ្នកត្រូវលាបទឹកអប់នៅកន្លែងណាខ្លះ? ដើម្បីឱ្យទឹកអប់នៅរក្សាក្លិនបានយូរក្រោយពីលាបរួចហើយ លោកអ្នក ត្រូវលាបលើខ្លួនតែកន្លែងដែលលាក់កំបាំងមិនត្រូវថ្ងៃក្ដៅ ឬត្រជាក់។ នៅលើចំណុចហាលវាល ឬក្ដៅ ដូចជាកញ្ចឹងក ដៃជាដើម ទឹកអប់ឆាប់អស់ក្លិនណាស់។ សក់ក៏ដូច្នេះដែរ ពោលគឺក្រោយលាបហើយ វាមិនអាចឱ្យនៅជាប់ក្លិន បានយូរទេ។ ជាការប្រសើរបំផុត នោះ គឺបាញ់ទឹកអប់នៅផ្នែកទាំងឡាយណា ដែលគ្របដណ្ដប់ជិតដោយខោអាវ ពោលគឺកន្លែងដែលមិនត្រូវថ្ងៃ មិនត្រូវខ្យល់។
2- បាញ់ទឹកអប់នៅលើខោអាវ
ជាការប្រសើរបំផុតនោះ គឺមុនពេលយកខោអាវមកស្លៀកពាក់ គេត្រូវបាញ់ទឹកអប់នៅលើផ្ទៃខាងក្នុងនៃខោអាវ។ សូម ចងចាំថាទឹកអប់ល្អតែងតែត្រូវគ្នាជាមួយជាតិឡែន សូត្រ ឬអំបោះ។ ទឹកអប់តែងមានជាតិប្រេង ដូច្នេះកាលណាប៉ះជាមួយនឹង ស្បែក វាអាចធ្វើឱ្យស្បែកមិនសូវល្អ។ ការលាបទឹកអប់តែមួយកន្លែងញឹកញាប់ពេក អាចមានប្រតិកម្មនៅលើស្បែកធ្វើឱ្យស្បែក រមាស់ ឬឡើងក្រហម។
3- ត្រូវចេះជ្រើសរើសទឹកអប់
មានទឹកអប់មួយចំនួន ពេលលាប ឬបាញ់ទៅធ្វើឱ្យមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំង។ កោសិកានៃច្រមុះរបស់មនុស្ស ម្នាក់ៗ ត្រូវការនូវក្លិនមួយជាកំណត់របស់វា។ ដូច្នេះកាលបើលាបប៉ះ ឬហិតទឹកអប់ណាដែលកោសិកាច្រមុះរបស់យើងមិនត្រូវការ អាចបង្កបញ្ហា។ បែបនេះត្រូវបំភ្លេចវាចោលទៅ ហើយងាកមកជ្រើសរើសយកទឹកអប់ប្រភេទថ្មីមកប្រើវិញ។
4- ទឹកអប់កូឡូញ សម្រាប់តែងខ្លួន
ទឹកអប់ប្រភេទនេះ ត្រូវបានមនុស្សភាគច្រើនស្វាគមន៍បំផុត ដោយសារតែវាមានតម្លៃទាបអាចទទួលយកបាន។ ក៏ប៉ុន្ដែ ត្រូវដឹងថាទឹកអប់កូឡូញនេះ ជាប្រភេទទឹកអប់ដែលមានក្លិនដ៏ប្រសើរ រក្សាក្លិនបានយូរ និងមិនសូវចុះប្រើឆាប់អស់ទៀតផង។ អ្វីៗ ទាំងអស់វាចំណុះទៅលើម៉ាកទឹកអប់ និងគុណភាពនៃវត្ថុធាតុដើមដែលយកមកផ្សំ។
5- គួរលាបទឹកអប់ពេញខ្លួន
ការលាបទឹកអប់ពេញរាងកាយ ត្រូវចំណាយទឹកអប់ច្រើន តែនេះជាវិធីមួយក្នុងការប្រើប្រាស់ទឹកអប់។ ម្យ៉ាងទៀត ក្លិន ក្រអូបដ៏បរិសុទ្ធដែលភាយចេញពីខ្លួននេះ ហាក់ដូចជាស្រទាប់ស្បែកទី២របស់លោកអ្នកអញ្ចឹង។ ម្យ៉ាងទៀតសូមកុំភ្លេចថា ទឹកអប់ ជួយកម្ចាត់នូវក្លិនមិនល្អចោល។ ហេតុនេះហើយ បានជាអ្នកខ្លះនិយមប្រើប្រាស់ វាក្នុងការលាបឱ្យសព្វខ្លួនប្រាណ ដើម្បីជួយរក្សាក្លិន ក្រអូបទូទៅជាប់បានយូរ។
ពី lookingtoday.com

Twitter Delicious Facebook Digg Stumbleupon Favorites More