មូលហេតុ ការដេកមិនលក់មិនមែនជាជំងឺទេ ប៉ុន្តែវាជាភាវៈម្យ៉ាងដែលរាងកាយមិនអាចដេកលក់ឲ្យបានពេញលេញ រាងកាយទទួលរំញោចភ្ញាក់ក្នុងខណៈដេក។ នៅពេលភ្ញាក់ឡើងកណ្ដាលយប់ ធ្វើឲ្យមិនអាចដេកបន្តទៅទៀតបាន បង្កផលប៉ះពាល់ចំពោះសុខភាពលុះភ្ញាក់ព្រឹកឡើង អារម្មណ៍មិនស្រស់ស្រាយ អស់កម្លាំងរហិតរហៃ និងងងុយដេកនៅពេលថ្ងៃមិនអាចធ្វើការបានល្អ។ មូលហេតុសំខាន់ៗនៃការដេកមិនលក់ មានដូចតទៅ៖ ១- ភាពតានតឹងក្នុងអារម្មណ៍ ក្ដីកង្វល់ សម្ពាធផ្លូវចិត្ត។ ២- អ្នកដែលធ្វើការប្ដូរវេន ផ្លាស់ប្តូរពេលដេក មិនទៀងទាត់។ ៣- បណ្ដាលមកពីការរំញោចនៃសារជាតិការហ្វេអ៊ីន។ ៤- កម្រិតជាតិស្ករក្នុងឈាមមិនមានតុល្យភាព។ ៥- កង្វះសារជាតិអាហារ ដូចជាម៉ាញ៉េស្យូម ធ្វើឲ្យសាច់ដុំកន្ត្រាក់នាំទៅរកមូលហេតុដេកមិនលក់។ រោគសញ្ញា អ្នកដែលដេកមិនលក់ ច្រើនតែស្ដែងឲ្យឃើញនូវអាការដូចតទៅនេះ៖ ១- រាងកាយទទួលរំញោចភ្ញាក់ ព្យាយាមដេកឲ្យលក់ ប៉ុន្តែក៏នៅតែមិនលក់ ២- ដេកក្រលក់ ប្រើពេលយូរទម្រាំតែធ្មេចភ្នែកលក់។ ៣- ដេកភ្ញាក់ៗ ហើយច្រើនតែភ្ញាក់ពាក់កណ្ដាលយប់ ដោយមិនអាចដេកបន្តទៅទៀតបានទេ។ ៤- ដេកមិនលក់រយៈពេលយូរ។ របបអាហារ និង ការព្យាបាលតាមបែបធម្មជាតិ ត្រូវទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព ទទួលទានឲ្យគ្រប់ ៥ ក្រុម ៣ ពេល។ ត្រូវទទួលទានអាហារការបូអ៊ីដ្រាត ដែលមានសារធាតុសេរ៉ូថូនីន ដែលជួយធ្វើឲ្យរាងកាយ ធូរស្បើយ និងមានអារម្មណ៍ស្ងប់ល្អ ដូចជា បាយ ផាស្តា គុយទាវ ធញ្ញជាតិ នំប៉័ង ជាដើម។ អាហារពេលល្ងាច គួរតែទទួលទានចេក ទឹកដោះគោជូរ ទឹកដោះគោឆៅ ពីព្រោះអាហារទាំងនេះមានអាស៊ីដអាមីណូទ្រីបតូហ្វាន ដែលជួយឲ្យដេកលក់ស្រួល។ ថ្លើមសត្វ សណ្ដែក ជាអាហារដែលមានសារធាតុប៊ីយោទីន ជួយឲ្យដេកលក់ស្កប់ស្កល់។ ផឹក«តែ» ធម្មជាតិ ដូចជា «តែ» ខាម៉ូម៉ាយល៍, «តែ» ប៉ិបប៉ឺមីនក៍ ឬ ទឹកដោះគោផ្អែម មុននឹងចូលដេក។ ហាត់ប្រាណមួយថ្ងៃ ៣០ នាទី នឹងជួយឲ្យដេកលក់ស្រួល និង លក់បានយូរ។ ព្យាយាមយ៉ាងណាចូលដេក និងភ្ញាក់ពីដំណេកឲ្យទៀងពេល ដើម្បីឲ្យរាងកាយស៊ាំ។ វីតាមីនបន្ថែម វីតាមីន B6 គួរទទួលទាន ២៥-៥០មិល្លីក្រាម ក្នុងមួយថ្ងៃ ហើយគួរតែទទួលទានជាមួយនឹងវីតាមីន B ចម្រុះផ្សេងៗ ដើម្បីជួយសម្រួលការបញ្ចេញអ័រម៉ូនអាឌ្រីណាលីន ដែលធ្វើឲ្យកើតភាពតានតឹងក្នុងអារម្មណ៍។ ទទួលទានប្រេងត្រីយ៉ាងហោចណាស់មួយថ្ងៃ ២ គ្រាប់ (Capsule) ដើម្បីជួយឲ្យឆាប់ដេកលក់។ ម៉ាញ៉េស្យូម គួរទទួលទានមួយថ្ងៃ ៤៥០-៥០០ មិល្លីក្រាម ដើម្បីជួយបន្ធូរសាច់ដុំដែលបណ្ដាលមកពីភាពតានតឹង ធ្វើឲ្យរាងកាយរសាយស្រឡះល្អ។ អាហារដែកគួរចៀសវាង កាត់បន្ថយភេសជ្ជៈដែលមានសមាសធាតុផ្សំ នៃកាហ្វេអ៊ីនមុនចូលដេក ដូចជា «តែ» កាហ្វេ ទឹកក្រូច។ ត្រូវចៀសវាងអាហារពពួកសាច់ខ្វៃ ហ្រ្វូម៉ាហ្ស ស្រាក្រហម សូកូឡា ពីព្រោះវាជាអាហារដែលមានសារធាតុថៃរ៉ាម៉ាយន៍ ធ្វើឲ្យខួរក្បាលទទួលរំញោចភ្ញាក់។ សម្រាប់ពេលល្ងាច ត្រូវកាត់បន្ថយអាហារជាតិខ្លាញ់ខ្ពស់ សាច់សត្វ យកល្អត្រូវទទួលទានបន្លែ ផ្លែឈើជំនួសវិញ។ ដំបូន្មាន ហាមហាត់ប្រាណមុនចូលដេក ដោយសារតែវាធ្វើឲ្យរាងកាយទទួលរំញោចភ្ញាក់។ មិនត្រូវចូលដេកពេលទទួលទានឆ្អែត គួរទទួលទានអាហារល្ងាចនៅម៉ោង ៦ ល្ងាច ដល់ម៉ោង ៧ល្ងាច ឬ ទទួលទានមុនចូលដេកប្រមាណជា ៣ ម៉ោង ហើយមិនត្រូវចូលដេកពេលមានអារម្មណ៍ឃ្លានឡើយ។ ត្រូវតមបារី បើអ្នកមានបញ្ហាដេកមិនលក់ ពីព្រោះជាតិនីកូទីនជាភ្នាក់ងារជំរុញធ្វើឲ្យកាន់តែពិបាកដេកលក់ ខ្លាំងឡើង។ ពេលចូលដេក ហាមយកបញ្ហា ឬ រឿងផ្សេងៗមកគិត និង មិនត្រូវមើលម៉ោងក្នុងខណៈដេក៕
12:50 AM
sothea

Posted in: 

